From Redio Free Asia
ដោយ កេសរណ្ណីយ្យា
អតីត ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានចេញផ្សាយសេចក្តីជូនដំណឹងមួយពីទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា រាយការណ៍ប្រាប់ពីព្រះរាជទ្រព្យដែលព្រះអង្គមានទាំងអស់ក្នុងខណៈនេះ ។
សេចក្តីជូនដំណឹងបង្ហាញថាប្រាក់ដែលព្រះអង្គផ្ញើក្នុងធនាគារ ប៉ាឡាទីន ក្រុងប៉ារីស ប្រទេសបារាំង មានចំនួន ៣០.៣១៣,២៨យូរ៉ូអឺរ៉ុប ស្មើនឹងជិត ៤៥.០០០ដុល្លារអាមេរិក ។
ក្រៅពីនេះអតីតព្រះមហាក្សត្រខ្មែរទ្រង់មានកូនវីឡាមួយនៅក្រុង សៀមរាប ដែលបន្ទាប់ពីព្រះអង្គសោយទិវង្គតទៅនឹងក្លាយជាកេរមត៌ករបស់ព្រះ អគ្គមហេសី នរោត្តម មុនីនាថ ហើយក៏នឹងជាកេរដំណែលថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី បន្ទាប់ពីព្រះមាតាទ្រង់ចូលទិវង្គត ។
រីឯផ្ទះកំណើតទីដែលព្រះអង្គប្រសូតនៅក្បែរវិមានឯករាជ្យ ហើយដែលព្រះអង្គបានអនុញ្ញាតឲ្យសាធារណរដ្ឋប្រជាមានិតកូរ៉េប្រើប្រាស់ រហូតដល់ឆ្នាំ២០១៤ នឹងប្រទានជាសម្បត្តិរដ្ឋ ហើយពីឆ្នាំ២០១៤ តទៅ ក៏នឹងបើកជាសារមន្ទីរជាតិមួយទៀត ។
ចំណែកឯវាំងឆាងស៊ូវននៅកូរ៉េខាងជើង និងដំណាក់លួងនៅក្រុងប៉េកាំងនោះ ពុំមែនជាសម្បត្តិរបស់ព្រះអង្គទេ តែជាផ្ទះសំណាក់សម្រាប់ភ្ញៀវរដ្ឋរបស់ប្រទេសទាំងពីរ ៕
0 comments